ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨
នៅវេលាម៉ោង ០៩h:៣០នាទីព្រឹក លោក ឯក ឥរិយា នាយផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ បានដឹកនាំ កម្លាំងមន្ត្រីខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ចុះស្រាវជ្រាវប្រមូលព័ត៌មាន ដែលប្រជាពលរដ្ឋបានរាយការណ៍ថាបានឃើញក្រពើនៅទីតាំង ស្ទឹងព្រែកដាច់ ចំណុចអន្លង់ពាមខាងលើ ភូមិ/ឃុំនាងទើត ស្រុកតំប៊ែរ។ ក្រុមការងារបានចុះទៅដល់ផ្ទះលោក ស៊ាំង នាន មេភូមិនាងទើត និងក្រុមព្រឹក្សាឃុំ រួមទាំងកូនស្រីរបស់ លោកមេភូមិនាងទើតផ្ទាល់ ដែលគាត់បានប្រទះឃើញក្រពើចំនួន១ក្បាលពិតប្រាកដមែន ហើយពួកគាត់ក៏បានផ្តល់ព័ត៌មាន១ចំនួនទាក់ទងនិង ការមានវត្តមានរបស់ក្រពើនេះផងដែរ។ បងស្រីឈ្មោះ មាន តី អាយុ៣៨ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិ ឃុំខាងលើ នៅថ្ងៃទី ២៧/០៨/២០១៨ កន្លងទៅនេះគាត់បានឃើញក្រពើផ្ទាល់ គាត់បានរៀបរាប់ប្រាប់យើងថា នៅម៉ោង ០៣រសៀល គាត់បានទៅស្ទូចត្រីនៅស្ទឹងព្រែកដាច់ ចំណុច អន្លង់ពាម ដូចសព្វដង ដំបូងគាត់កំពុងតែស្ទូចត្រីនៅមាត់ច្រាំង គាត់បានឃើញក្រពើ១ក្បាល បណ្តែតខ្លួនឡើងពោរទឹកនៅកណ្តាលព្រែក បន្ទាប់មក ក៏លិចបាត់ទៅវិញ មួយសន្ទុះក្រោយមកក្រពើក៏បានមកខាំកូនក្របីស្ទុះស្លន់ស្លោរឡើងពីមាត់ច្រាំង ឃើញដូចគាត់ក៏បានត្រលប់មកវិញប្រាប់អ្នកភូមិ ដោយភាពភ័យខ្លាចជាខ្លាំង។ ចំណែកលោកមេភូមិនាងទើត និងក្រុមព្រឹក្សាឃុំ ក៏បានបន្ថែមទៀតថា ប្រមាណជាកន្លះខែមុននេះ មានអ្នកភូម់អំពុក ចំនួន៤នាក់បាននាំគ្នាឆក់ក្រពើម្តងហើយ តែពុំបានសម្រេច និងបានរត់ចោលអាគុយនិងសំភារៈបាតជើងសរព្រាតផងដែរ។ និងមានព័ត៌មានមួយចំនួន ផ្សេងទៀតប្រជាជនប្រាប់ថា ជាក្រពើរបស់ឧកញ៉ា លឹមប៊ុណ្ណា ហៅខ្នារបានរួចចំនួន ៥ក្បាល តែរកឃើញ២ក្បាល និងនៅសល់ចំនួន ៣ក្បាលទៀតមិនទាន់រកឃើញទេ។ តាមការសន្និដ្ឋានរបស់អ្នកភូម់ គាត់បានបញ្ចាក់ថាក្រពើនោះ មានទំងន់ ប្រហែល ៤០kg នៅស្ទឹងព្រែកដាច់ ចំណុច អន្លង់ពាមពិតជាមានក្រពើពិតមែន ប៉ុន្តែមិនកំណត់ថាមានចំនួនប៉ុន្មានក្បាលនោះទេ ហើយកន្លងមក មិនដែលបង្ករគ្រោះថ្នាក់ដល់អ្នកនោះឡើយ ហើយមិនអាចសន្និដ្ឋានបានថា ក្រពើមកពីប្រភពណាបានឡើយ។ បន្តមកក្រុមការងារបានសំណូមពរ សុំឲ្យអាជ្ញាធរផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់។