ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨
-លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-លោក គីម ឈុនលី នាយខណ្ឌរដ្ឋព្រៃឈើត្បូងឃ្មុំ
បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “សេចក្តីព្រាងផែនការយុទ្ធសាស្រ្តគ្រប់គ្រង ព្រៃផ្តល់ផល” ក្រោមអធិបតីភាពក្នុងពិធីបើកដោយឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមតំណាងឲ្យអង្គការ UNDP អស់លោក លោក ស្រី និងដៃគូអភិវឌ្ឍជាច្រើនរូបទៀត។ សិក្ខាសាលានេះត្រូវបានសហការរៀបចំឡើងដោយរដ្ឋបាលព្រៃឈើ ជាមួយអង្គការ UNDP នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ក្រៅពីការងារបច្ចេកទេស ក្រសួងបាននិងកំពុងខិតខំប្រឹងប្រែងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងផែនការជាតិនានាដែលគាំទ្រដល់ការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាពមានជាអាទិ៍៖ -ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ(២០១៤-២០១៨) -គោលដៅអភិវឌ្ឍន៍វិស័យព្រៃឈើប្រកបដោយចីរភាព (២០១៧-២០៣០) -ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម(២០១៤-២០១៨) -យុទ្ធសាស្រ្តរេដបូកជាតិ(២០១៧-២០២៦) -ការពិនិត្យឡើងវិញនូវកម្មវិធីព្រៃឈើជាតិ(២០០៩-២០២៩) រួមទាំងកម្មវិធីសកម្មភាពជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដីឆ្នាំ២០១៨-២០២៧ ផងដែរ។
ដោយឡែក សេចក្តីព្រាងផែនការយុទ្ធសាស្រ្តគ្រប់គ្រងព្រៃផ្តល់ផលដែលយើងកំពុងរៀបចំធ្វើនាពេលនេះគឺក្នុងគោលបំណងបង្កើននិងពង្រឹងសមត្ថភាពគ្រប់គ្រងព្រៃផ្តល់ផលឲ្យមាននិរន្តរភាពនាពេលអនាគតដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ បង្កើនកម្រិតជីវភាពរបស់ប្រជាសហគមន៍ រក្សាកំណើនសេដ្ឋកិច្ច និងអេកូឡូស៊ីរបស់ព្រៃផ្តល់ផល ពង្រីកជំនួញផលិតផលព្រៃឈើដោយឈរលើគោលការណ៍ច្បាប់ទាំងថ្នាក់ជាតិនិងអន្តរជាតិ ពង្រឹងអភិបាលកិច្ចព្រៃឈើ អភិវឌ្ឍសមត្ថភាពស្ថាប័ននិងធនធានមនុស្ស ជំរុញឲ្យមានការចូលរួមពីសហគមន៍ គាំទ្រការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព ពង្រឹងកិច្ចសហការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ។
ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើឲ្យសមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងមូលយកអស់ប្រាជ្ញាស្មារតី ចំណេះដឹងនិងបទពិសោធន៍ល្អៗដើម្បីធ្វើការពិនិត្យឲ្យបានល្អិតល្អន់ និងស៊ីជម្រៅលើធាតុចូលសំខាន់ៗដែលបានលើកឡើងក្នុងសេចក្តីព្រាងលើកទី៥ស្តីពីផែនការយុទ្ធសាស្រ្តគ្រប់គ្រងព្រៃផ្តល់ផលនេះ និងជាពិសេសចំណុចសំខាន់ៗដែលត្រូវពិនិត្យពិចារណា និងផ្តល់យោបល់ឲ្យបានទូលំទូលាយស៊ីជម្រៅជាងគេនោះគឺ៖ ទី១-ភាពស្របគ្នាទៅនឹង គោលនយោបាយព្រៃឈើជាតិនិងបទប្បញ្ញត្តិនានារបស់រាជរដ្ឋាភិបាលកម្ពុជា ទី២-ការលើកឡើងនូវគោលដៅយុទ្ធសាស្រ្ត និងសកម្មភាពរួមទាំងគម្រោងហិរញ្ញប្បទានក្នុងការដោះស្រាយឧបសគ្គដែលកើតឡើងក្នុងការគ្រប់គ្រងព្រៃផ្តល់ផល ទី៣-សមត្ថភាពនិងធនធានរបស់ស្ថាប័នក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តឲ្យបានសមស្របតាមនីតិវិធី និងទី៤-បញ្ហាប្រឈមនានាដែលអាចជាឧបសគ្គក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តនេះ។