កសិករខេត្តត្បូងឃ្មុំ ដាំដំឡូងម៉ីបានជាង៥ម៉ឺនហិចតានៅឆ្នាំ២០១៨នេះ ព្រោះដំឡូងមីមានទីផ្សារល្អ ត្បូងឃ្មុំ៖ ឆ្នាំនេះប្រជាកសិករខេត្តត្បូងឃ្មុំ បាននាំគ្នាដាំដំណាំដំឡូងម៉ីសរុបបានជាង៥ម៉ឺនហិចតា ច្រើនជាងឆ្នាំទៅ ខណៈដាំបានតែជាង៤ម៉ឺនហិចតាតែប៉ុណ្ណោះ។ កសិករងាកមកដាំដំឡូងម៉ី ដោយសារទីផ្សារដំឡូង ល្អជាងឆ្នាំមុនៗ មានម៉ូយចូលទិញដល់ទីចំការទាំងដំឡូងស្រស់និងដំឡូងស្ងួតតែម្តង។ ក្នុងខេត្ត/ស្រុកដែល ឈាន មុខដាំបានច្រើនជាងគេមានស្រុកចំនួន៤៖ គឹ.ស្រុកតំបែរ ត្បូងឃ្មុំ ពញាក្រែក និងស្រុកមេមត់ ។ លោក លាត សុផា អាយុ៤០ឆ្នាំជាកសិកររស់នៅភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ បានបញ្ជាក់ឱ្យដឹងថា គាត់បានដាំដំឡូងជិត១០ឆ្នាំមកហើយក្នុងដី១ហិចតា អាចដាំបានចំនួន១២.០០០គុម្ព គឺដាំដើមបញ្ឈរ លើរងដែលយើងបានភ្ជួរផ្គុំ កសិករចាប់ដាំនៅដើមខែ៤ហើយប្រមូលផលអស់នៅចុងខែ៣គិតទៅ១ឆ្នាំពេញ។ កសិករត្រូវប្រើជីក្បាលក្របីលាយជាមួយជីអ៊ីអឹម គឺជីធម្មជាតិទ្រាប់បាតដែលដី១ហិចតា អាចប្រើជីពី២០០ ទៅ៥០០គីឡូក្រាម ក្នុងផ្ទៃដី១ហិចតា ហើយអាចទទួលផលដំឡូងបានពី២០ទៅ៣០តោន ទៅតាមប្រភេទដី ដីដែលឱ្យផលល្អជាងគេ គឺដីក្រហម ផលបន្ទាប់គឺដីខ្មៅនិងដីរបាយខ្សាច់។ ឆ្នាំទៅដំឡូងស្រស់តម្លៃពី៣៥០ទៅ៤០០រៀល ឯដំឡូងស្ងួតតម្លៃពី៦៥០ទៅ៧០០រៀល បើធៀបទៅឆ្នាំ២០១៦ខុសគ្នាពាក់កណ្តាល ក្នុងតម្លៃដំឡូងស្រស់១គីឡូបានតែ២០០រៀល ហើយក្រៀមបានតែ៣០០រៀលទេ។ ពូជដំឡូងក្នុងស្រុកល្អដាំមិនរើសដី ពូជក្រៅស្រុកដាំរើសដីឱ្យផលដូចគ្នា គាត់ដាំតែពូជក្នុងស្រុកទេ។ ក្នុង១ហិចតា ផាត់សោហ៊ុយដាំចំណេញបានជិត៨លានរៀលដែរ តែបើដំឡូងចុះថោកបានត្រឹមតែរួចខ្លួនតែបុណ្ណោះ។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងថា ឆ្នាំនេះដំណាំដំឡូងម៉ី កសិករដាំបានច្រើនជាងឆ្នាំទៅ ដោយឆ្នាំទៅដាំបានតែជាង៤ម៉ឺនហិចតា ហើយឆ្នាំនេះដាំបានជាង៥ម៉ឺនហិចតា កសិករជំរុញដាំដោយសារដំឡូងម៉ី មានទីផ្សារល្អទាំងក្នុងស្រុកនិងក្រៅស្រុកតែម្តង។ កសិករនិយមដាំដំឡូងម៉ី មានពីរប្រភេទ គឺពូជត្រួយក្រហមនិងពូជត្រួយស ដោយពូជប្រភេទនេះ វាឱ្យផលល្អធនជំងឺនិងអាកាសធាតុផងដែរ វាឱ្យផលជាមធ្យមក្នុង១ហិចតា២០តោន ពូជទាំងពីរប្រភេទនេះមួយចំនួនជាពូជក្នុងស្រុក និងមួយចំនួនទៀតនាំចូលពីក្រៅប្រទេសផងដែរ។ ឆ្នាំនេះដំឡូងម៉ី មានបញ្ហានឹងជំងឺខ្លះដែរ គឺជំងឺរួញត្រួយស្លឹក ដែលបណ្តាលមកពីកត្តាចំលងពីសត្វរុយស ជាភ្នាក់ងារចំលងករណីនេះ មន្រ្តីជំនាញ បានចុះណែនាំដល់កសិករយើងឱ្យចេះប្រើថ្នាំសម្លាប់សត្វល្អិត (ថ្នាំពុលធម្មជាតិ) បាញ់ទៅលើដំណាំនេះតែម្តង លទ្ធផលយើងអាចកំចាត់សត្វល្អិតនេះបាន ក្នុងនោះ ជំនាញបានចុះណែនាំដល់កសិករបានចំនួន៤ស្រុកហើយ គឺមានស្រុកតំបែរ ត្បូងឃ្មុំ ពញាក្រែក និងស្រុកមេមមត់ រួចមកហើយ ស្រុកទាំង៤នេះ ដាំដំឡូងបានច្រីនជាងគេផងដែរ។ ជាមួយគ្នានេះដែរ យើងក៏បានចាត់វិធានការដោយចាត់ឱ្យ មន្រ្តីរបស់មន្ទីរកសិកម្មខេត្ត និងបន្តសហការជាមួយមន្ត្រីការិយាល័យកសិកម្មស្រុក/ក្រុងចំនួន៣ទៀត មានស្រុកក្រូចឆ្មារ ក្រុងសួងនិងស្រុកអូរាំងឪ ចុះណែនាំដល់កសិករក្នុងខេត្តរបស់យើង។ លោក ប្រធានបានបញ្ជាក់ទៀតថា តម្លៃដំឡូងម៉ីមានទីផ្សារល្អដោយដំឡូងយើងពូជល្អ ផ្តល់ទិន្នផលល្អម្សៅច្រើនគ្មានជាតិគីមី ហើយកសិករនូវទូទាំងខេត្តនៅឆ្នាំនេះ អាចផលិតដំឡូងបានមិនក្រោម១០០លានតោននោះទេ ផលនេះអាចជួយជីវភាពកសិករយើងឱ្យបានប្រសើរឡើងមួយកំរិតថែមទៀត ៕