អបអរសាទរវេទិការផ្សារណាត់បន្លែសុវត្ថិភាពនៃគម្រោងជំរុញផលិតកម្មស្បៀងខេត្តត្បូងឃ្មុំ ដែលប្រព្រឹតទៅនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណតឡានក្រុងសួង ក្រោមអធិបតីភាពឯឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ០៩ កក្កដា ២០១៨
141

ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨

នៅព្រឹកថ្ងៃសុក្រ ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា គ.ស ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជេីញជាអធិបតី ក្នុង"វេទិកាផ្សារណាត់បន្លែសុវត្ថិភាព"នៃគម្រោងជំរុញផលិតកម្មស្បៀង រៀបចំដោយអគ្គនាយកដ្ឋានកសិកម្មសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តត្បូងឃ្មុំ អមដោយឯកឧត្តម ប៉ែន កុសល អភិបាលរងខេត្តត្បូងឃ្មុំ ឯកឧត្តមថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋានកសិកម្ម មន្រ្តីរាជការ អាជីវករ ក្រុមហ៊ុន កសិករផលិតបន្លែសុវត្ថិភាពមានចំនួន ៣០០នាក់ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

+វេទិកាផ្សារណាត់នា ថ្ងៃនេះមានគោលបំណង៖
-ទី១.ស្វែងរកទីផ្សារដើម្បីលក់ផលិតផលតាមរបៀបបញ្ជាទិញ ធានាបានបរិមាណ គុណភាពនិងតម្លៃ តាមរយៈការអនុវត្តការធ្វើកសិកម្មតាមកិច្ចសន្យា (Contract farming)

-ទី២. ជំរុញការផលិត បន្លែនិងផលិតផលតាម បច្ចេកទេស ស្តង់ដារត្រឹមត្រូវ ធានាគុណភាពសុវត្ថិភាព កាត់បន្ថយការនាំចូល

-ទី៣. ជំរុញ និងលើកទឹកចិត្តទាំងការផលិត និងការបរិភោគដើម្បីធានាដល់និរន្តរភាពផលិត សុខភាពអ្នកផលិត សុខភាពសាធារណៈ

-ទី៤. ផ្តល់ឱកាសឲ្យមន្រ្តីជំនាញ អ្នកផលិត និងក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្មបានជួបនិងពិភាក្សាគ្នា ផ្លាស់ប្តូរបទ ពិសោធន៍ ដោះស្រាយបញ្ហា ស្វែងរក និងសិក្សាបន្ថែមពី បច្ចេកទេស។ មានចំណាប់អារម្មណ៍នាឱកាសនេះឯកឧត្តមអភិបាលរងខេត្ត សូមធ្វើការគាំទ្រចំពោះកម្មវិធីនេះ ព្រោះវាអាចជួយជំរុញ និងបង្កើនការផលិតបន្លែ និងផលិតផល សុវត្ថិភាពបម្រើឲ្យទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសេីរ ដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ មន្រ្តីអនុវត្តគម្រោងដែលបានខិតខំយកអស់កំលាំងកាយចិត្តអនុវត្តគម្រោងសម្រេចបានលទ្ធផលល្អ ដូចយើងឃើញនាថ្ងៃនេះ ជាពិសេសសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិ បាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបាន ឧបត្ថម្ភថវិកាដើម្បីអនុវត្តគម្រោងជំរុញផលិតកម្មស្បៀងផ្តោតសំខាន់ទៅលើការផលិតពូជស្រូវក្រអូប និងផលិតបន្លែសុវត្ថិភាពក្នុងទិសដៅកាត់បន្ថយការនាំចូល និងជាពិសេសដើម្បីបង្កើនប្រាក់ចំណូលដល់កសិករខ្នាតតូច និងខ្នាតមធ្យមតាមរយៈ

-១.ធ្វើការបង្វែរទិសដៅផលិតពីការផលិត សម្រាប់ផ្គត់ផ្គង់គ្រួសារ កែប្រែសួនបន្លែ ទៅជាចំការបន្លែ ការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងផលិតតាមបែបប្រពលវប្បកម្មនិងកសិឧស្សាហកម្មវិញ

-២.បញ្ចូលបច្ចេកទេសផលិត ការជ្រើសរើសពូជ ការប្រើប្រព័ន្ធដំណក់ទឹក ការប្រើប្រាស់ផ្ទះសំណាញ់ ដើម្បីកាត់បន្ថយហានីភ័យ បង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដដែល ធានាគុណភាព សុវត្ថិភាពបន្លែ និងផលិតផល

-៣. កែលម្អខ្សែសង្វាក់ផលិតកម្ម ផលិតតាមផែនការ ឬតាមកម្មវិធីច្បាស់លាស់ ផលិតតាមការបញ្ជាទិញ តាមតម្រូវការទីផ្សារ និងចាំបាច់ត្រូវអនុវត្តតាមគោលការណ៍អនុវត្តកសិកម្មល្អ(GAP) ហើយត្រូវធ្វើកសិកម្មតាមកិច្ចសន្យា

-៤.ក្រៅពីការផលិត អ្នកផលិតក៏ត្រូវគិតគូផងដែរពីការវិចខ្ចប់ ការកែច្នៃ ថែរក្សា ទុកដាក់ និងដឹកជញ្ជូនផលិត ផលទៅកាន់ទីផ្សារ។ ទាំងយន្តការផលិត និងបច្ចេកទេសផលិតបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩ទៅ ឆ្នាំ២០៣០ ដែលត្រូវប្រែក្លាយវិស័យកម្ពុជាទៅកសិកម្មទំនើបកម្ម មានការប្រកួតប្រជែង ធននិងបម្រែបម្រួលអាកាសធាតុ។ ចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្មខិតខំឲ្យអស់លទ្ធភាពក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ពីគុណភាព សុវត្ថិភាពបន្លែ ផ្លែឈើ និងផលិតផលផ្សេងៗ ដើម្បីធានាបាននូវតម្លាភាពទីផ្សារ សច្ចភាព និងយុត្តិធម៌ក្នុងការប្រកួតប្រជែង។

ចំនួនអ្នកចូលទស្សនា
Flag Counter