លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចូលរួមសិក្ខាសាលា នៅសណ្ឋាគារសុខា ខេត្តសៀមរាប នាព្រឹកថ្ងៃចន្ទ ០៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្ដមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាស្តីពី ធុរកិច្ចធាតុចូលកសិកម្មនិងគ្រឿងយន្តកសិកម្ម ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្មសហការជាមួយគម្រោងស្តីពី កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាឬហៅថាកាវ៉ាក់ (Cambodia Agricultural Value Chain Program, CAVAC) ក្នុងគោលបំណងគឺទី១. ការផ្សារភ្ជាប់ទំនាក់ទំនងនិងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតរវាងស្ថាប័នរដ្ឋនិងវិស័យឯកជន និងវិស័យឯកជនជាមួយអ្នកផលិតផ្ទាល់ ទី២. គាំទ្រនិងលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួម និងបំពេញតួនាទីទ្វេរឡើងថែមទៀតក្នុងការអភិវឌ្ឍវិស័យកសិកម្មតាមរយៈការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្ម បច្ចេកទេសជ្រើសរើសនិងប្រើប្រាស់ពូជឲ្យបានសមស្របទៅតាមស្ថានភាពនិងគុណភាពដី និងប្រភពទឹក ជាពិសេសបច្ចេកទេសនៃការប្រើប្រាស់គ្រឿងយន្តកសិកម្មទំនើបៗដែលកំពុងតែមានឥទ្ធិពលលើវិស័យនេះ ទី៣. ផ្តល់ឱកាសឲ្យវិស័យឯកជនដាក់តាំងបង្ហាញផលិតផលនិងបច្ចេកទេសថ្មីៗដែលជាធាតុចូលកសិកម្មចំបាច់សម្រាប់អភិវឌ្ឍវិស័យកសិកម្មកម្ពុជា និងទី៤. ប្រមូលយកបញ្ហាប្រឈមគ្រប់អនុវិស័យដែលបានជួបប្រទះក្នុងការអនុវត្តជាក់ស្តែង មកពិនិត្យនិងរកដំណោះស្រាយជាបន្តបន្ទាប់តាម លទ្ធភាពនិងការចាំបាច់។ នៅក្នុងពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ញើញចូលរួមផងដែរពីសំណាក់ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញគម្រោងកាវ៉ាក់ មន្រ្តីរាជការក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត សមាជិកសហគមន៍កសិកម្ម អាជីវករ ក្រុមហ៊ុន និងដៃគូអភិវឌ្ឍប្រមាញជាង២៥០ នាក់។