នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ក្រុមការងារគម្រោងជំរុញផលិតកម្មស្បៀង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានគម្រោងជំរុញផលិតកម្មស្បៀងថ្នាក់ខេត្ត បានដឹកនាំមន្រ្តីក្រោមឱវាទរួមមាន លោក ជួប រិទ្ធិ មន្ត្រីទទួលបន្ទុកត្រួតពិនិត្យ វាយតម្លៃ និងទីផ្សារ លោក សេង សីសាក់ មន្ត្រីទទួលបន្ទុកទទួលបន្ទុកឥណទាន និងសហគមន៍
និងលោក លី ដាលុច មន្ត្រីទទួលបន្ទុកដំណាំបន្លែស្រុកត្បូងឃ្មុំ ចុះជួបសំណេះសំណាល តម្រង់ទិស និងផ្តល់បច្ចេកទេសបន្ថែមដល់កសិករដាំបន្លែសុវត្ថិភាពអំពីវឌ្ឈនភាពនៃការកែប្រែទម្លាប់ការដាំបន្លែដោយប្រើបច្ចេកទេស ដែលបានបណ្តុះបណ្តាល ណែនាំជាប្រចាំពីមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដល់ប្រជាកសិករ ចំនួន០៥គ្រួសារ នៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ។ ក្នុងឱកាសចុះជួបក្រុមកសិករនោះ លោកប្រធានក៏បានពន្យល់កសិករឱ្យអនុវត្តតាមបច្ចេកទេសតាមការណែនាំរបស់មន្ត្រីជំនាញដោយធ្វើយ៉ាងណា ជំរុញការផ្សារភ្ជាប់ទីផ្សារ និងអនុវត្តដូចខាងក្រោម៖
-ការថែទាំដំណាំដោយការកាត់ខ្នែងតូចៗផ្នែកខាងក្រោម ដើម្បីជំរុញកាលូតលាស់ផ្លែបានល្អ និងស្រឡះល្អ កាត់បន្ថយជម្រកសត្វល្អិតចង្រៃ
-ការប្រើប្រាស់ជីតាមបច្ចេកទេស បរិមាណជីដែលត្រូវប្រើ ហើយត្រូវដាក់លប់ដីឱជិត ជៀសវាងដាក់នៅលើដីនាំឲ្យខូចគុណភាព និងតាមអាយុកាលរបស់ដំណាំ
-ការបេះផ្លែចោលកុំទុកឱ្យមានផ្លែច្រើនពេកនាំឱ្យផ្លែមានទំហំតូចៗមិនត្រូវតាមស្តង់ដារទីផ្សារ
-ត្រូវចេះកែច្នៃកសិផលងាយៗដែលអាចធ្វើបានដូចជា(ជ្រក់, ត្រាំ, ធ្វើឆៃប៉ូវ....)
-ការប្រើប្រាស់ថ្នាំតាមបច្ចេកទេស ជៀសវាងការប្រើថ្នាំលាយគ្នាច្រើននាំឲ្យខាតថវិកាច្រើន
-ត្រូវប្រើប្រាស់ជីកំប៉ុស្ត៍ និងថ្នាំផ្សំពីធម្មជាតិ
-ត្រូវឈប់ប្រើពាក្យថាថ្នាំនៅពេលប្រើជីបំប៉ន ត្រូវប្រើពាក្យថា ជីបំប៉នវិញ។
បន្ទាប់មកទៀត ក្រុមការងារក៏បានបន្តចុះត្រួតពិនិត្យ និងណែនាំបច្ចេកទេសដាំដុះណាំបន្លែដល់កសិករនៅភូមិគ្រញូង ឃុំវាលម្លូរ និងភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក។
រាយការណ៍ដោយៈលោក ហេង ពិសិដ្ឋ ប្រធានគម្រោងថ្នាក់ខេត្ត