សហគមន៍កសិកម្ម ជាតួអង្គដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ក្នុងបរិបទពាណិជ្ជូបនីយកម្មកសិកម្ម
ថ្ងៃសុខ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមបិទវគ្គបណ្តុះ បណ្តាលគ្រូបង្គោលសហគមន៍កសិកម្ម ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធាន ការិយាល័យជំនាញចំណុះមន្ទីរ លោក លោកស្រីថ្នាក់ ដឹកនាំ សមាជិក សមាជិកាសហគមន៍កសិកម្មនិង ប្អូនៗនិស្សិតកម្មសិក្សា ដែលជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល សរុបចំនួន ៣៨នាក់ ក្នុងនោះស្រី ៩នាក់។
តាមរយៈរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្តុះបណ្តាលរបស់លោក ស៊ឹម ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាអ្នកសម្របសម្រួលវគ្គបណ្តុះ បណ្តាលបានបង្ហាញថា ការបណ្តុះបណ្តាលនេះ មានរយៈ ពេល ៣ថ្ងៃ ដែលមានសិក្ខាកាមចូលរួមសរុប ៣៣នាក់ ក្នុងនោះស្រី ៦នាក់ ដោយផ្តោតលើមុខវិជ្ជាដូចខាងក្រោម ÷
១ .ការគ្រប់គ្រងសហគមន៍កសិកម្ម
២. ការគ្រប់គ្រងជីជាតិដីសម្រាប់និរន្តរភាពវិស័យកសិកម្ម
៣.ការគ្រប់គ្រងសារធាតុចិញ្ចឹមនិងកត្តាចង្រៃលើដំណាំ
៤.ស្លាកសញ្ញាព័ត៌មានលើសំបកវេចខ្ចប់ថ្នាំកសិកម្ម
៥.បច្ចេកទេសចៀរជ័រនិងបង្កើតមណ្ឌលកែច្នៃកៅស៊ូសន្លឹក
៦.បច្ចេកទេសចិញ្ចឹមមាន់ក្នុងស្រុក
៧.បច្ចេកទេសចិញ្ចឹមត្រីក្នុងស្រះ
៨.វិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម។
ឆ្លៀតក្នុងពិធីបិទនេះ លោកប្រធានមន្ទីរ បានសំដែងនូវការកោតសរសើរ និងអរគុណដល់អ្នកសម្របសម្រួលវគ្គ គ្រូឧទ្ទេសនាម ក៏ដូចជាសិក្ខាកាមទាំងអស់ ដែលបានប្រឹងប្រែងផ្តល់នូវការយល់ដឹងនិងការប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹងរយៈពេល ៣ថ្ងៃពេញ។ ទោះបីរយៈពេលខ្លី ប៉ុន្តែខ្លឹម សារមេរៀន បានផ្តោតចំទៅលើបញ្ហាប្រឈមដែលកសិករ សហគមន៍កសិកម្ម កំពុងជួបប្រទះនាពេលបច្ចុប្បន្ន ដូចជាកត្តាប្រែប្រួលអាកាសធាតុ។ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជរដ្ឋាភិ បាលកម្ពុជា បានយកចិត្តទុកដាក់និងលើក កម្ពស់ដល់យន្តការគ្រប់គ្រងនិងអភិវឌ្ឍវិស័យកសិកម្ម តាមរយៈសហគមន៍កសិកម្ម។ សហគមន៍កសិកម្ម ជាតួអង្គមួយដ៏សំខាន់ បំពេញតួនាទីជាតំណាងឲ្យសមាជិករបស់ខ្លួនក្នុងការប្រមូលផ្តុំរាល់ផលិត ភាពនិងទំនាក់ទំនងក្នុងការធ្វើពាណិជ្ជកម្មជា មួយដៃគូវិនិយោគ ក្រុមហ៊ុន ក្នុងបរិបទ ពាណិជ្ជូបនីយកម្មកសិកម្មនិងសកលភាវូបនីយកម្ម។ ដូច្នេះ ចាំបាច់ណាស់សហគមន៍កសិកម្ម ត្រូវតែមានសមត្ថភាព មានការយល់ដឹងច្រើន និងមានឆន្ទៈមោះមុត។ សូមសិក្ខាកាមទាំងអស់យកចំណេះដឹងដែលទទួលបាននេះ ទៅប្រើប្រាស់ឲ្យចំគោលដៅនិងផ្សព្វផ្សាយ
បន្តឲ្យបានដល់សមាជិករបស់យើង។